នាថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤, ក្រោមការដឹកនាំរបស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) , អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឹកខេត្តស្វាយរៀង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីក្នុងថ្ងៃទី១ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត, រោងចក្រប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវទឹកកខ្វក់ និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម, ប្រអប់ជ័រ។ល។) ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ, តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នារាជធានី-ខេត្ត។